អ្នកប្រឹក្សាសិក្សាសាលា មានមុខងារដ៏សំខាន់ក្នុងការលើកទឹកចិត្ត និងជួយជំរុញសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យទទួលបាននូវប្រសិទ្ធភាពនៃការអប់រំ រួមមានវិន័យ សីលធម៌ សុជីវធម៌ និងការសិក្សាប្រកបដោយគុណភាព និងសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ យើងបានជួយឱ្យពួកគាត់អាចអភិវឌ្ឍ និងផ្លាស់ប្តូរការគិត ព្រមទាំងអាកប្បកិរិយាឱ្យឆ្ពោះទៅរកចំណុចវិជ្ជមាន និងត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ យើងមានការប្រឹក្សាលើបញ្ហាចិត្តសាស្រ្តរបស់ពួកគាត់ ដូចជាបញ្ហាផ្ទាល់ខ្លួន បញ្ហាទំនាក់ទំនង បញ្ហាគ្រួសារ និងបញ្ហាវិបត្តិអាកប្បកិរិយាផ្សេងៗ។ ក្នុងកិច្ចការនេះដែរ យើងក៏បានជួយសម្រួល និងបង្កភាពងាយស្រួលដល់ការរៀន និងបង្រៀនក្នុងម៉ោងសិក្សា។ ម្យ៉ាងវិញទៀត យើងក៏បានទាញចំណាប់អារម្មណ៍របស់មាតា បិតាក៏ដូចជាអ្នកអាណាព្យាបាលសិស្សឱ្យងាកមករកការយកចិត្តទុកដាក់ទៅលើការសិក្សារបស់កូនខ្លាំងជាងមុន ដែលកន្លងមកពួកគាត់តែងតែរវល់រហូតមិនសូវបានតាមដានការសិក្សារបស់កូន។ លើសពីនេះទៅទៀត យើងក៏បានប្រឹក្សាយោបល់ទៅលើការសម្រេចចិត្តរបស់សិស្សក្នុងការជ្រើសរើសនូវមុខវិជ្ជា ឬជំនាញដែលពួកគាត់ចង់បន្តការសិក្សាទៅថ្នាក់មហាវិទ្យាល័យនានា។